Philippians 4

1ដូច្នេះបងប្អូនជា​ទី​ស្រលាញ់​ជា​ទី​នឹក​រឮក​បំផុត​ជា​អំណរនិង​ជា​កិត្ដិយស​របស់​ខ្ញុំអើយ! ​ចូរ​បងប្អូនឈរ​ឲ្យ​មាំ​មួន​ដូច្នេះនៅក្នុងព្រះអម្ចាស់ចុះ 2ខ្ញុំសូម​ដាស់តឿន​ដល់​នាង​អេរ៉ូឌីនិងនាងស៊ុនទីច​ឲ្យ​មាន​គំនិត​តែ​មួយក្នុងព្រះអម្ចាស់ 3អ្នករួម​ការងារដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​អើយ! ​ខ្ញុំ​ក៏សុំអ្នករាល់គ្នាដែរថា​ចូរ​ជួយស្រ្ដី​ទាំងពីរ​នាក់​នោះផង​ដ្បិត​ពួកនាង​បាន​តស៊ូជាមួយខ្ញុំនៅក្នុងដំណឹងល្អព្រមទាំងជាមួយ​លោក​ក្លេម៉ង់និងពួក​អ្នក​រួមការងារ​របស់​ខ្ញុំផ្សេងទៀតដែល​មាន​ឈ្មោះនៅក្នុងបញ្ជីជីវិត​ដែរ។ 4ចូរអរ​សប្បាយនៅក្នុងព្រះអម្ចាស់ជានិច្ច​ខ្ញុំ​ប្រាប់ម្ដងទៀតថា​ចូរ​អរ​សប្បាយ​ឡើង! 5ចូរឲ្យ​មនុស្សទាំងអស់ស្គាល់ចិត្ដ​ស្លូតបូតរបស់អ្នករាល់គ្នា​ចុះ។ ​ព្រះអម្ចាស់​នៅ​ជិតបង្កើយ 6ចូរកុំខ្វល់ខ្វាយ​អ្វី​ឡើយផ្ទុយទៅវិញគ្រប់​ការ​ទាំងអស់​ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាបពីសំណូម​របស់​អ្នករាល់គ្នាដោយ​សេចក្ដី​អធិស្ឋាននិងការទូលអង្វរ​ទាំង​អរព្រះគុណ​ផង 7នោះសេចក្ដី​សុខសាន្ដ​របស់​ព្រះជាម្ចាស់ដែលវិសេសលើសអស់ទាំងគំនិត​របស់​មនុស្ស​នឹង​ការពារចិត្ដគំនិត​របស់​អ្នករាល់គ្នានៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 8នៅទី​បញ្ចប់​នេះបងប្អូនអើយ! ​សេចក្ដី​ណា​ដែលពិតសេចក្ដី​ណា​ដែល​គួរ​គោរពសេចក្ដី​ណា​ដែលសុចរិតសេចក្ដី​ណា​ដែលបរិសុទ្ធសេចក្ដី​ណា​ដែល​គួរ​ស្រលាញ់សេចក្ដី​ណា​ដែលមាន​​កេរ្តិ៍ឈ្មោះ​​ល្អបើ​មាន​សេចក្ដីល្អសេចក្ដី​គួរ​សរសើរ​ណា​មួយ​ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំងនោះចុះ 9ហើយសេចក្ដី​ទាំងឡាយ​ដែល​អ្នករាល់គ្នា​បាន​រៀនបានទទួល​បាន​និង​បាន​ឃើញនៅក្នុងខ្ញុំ​ចូរ​អ្នករាល់គ្នា​ធ្វើ​តាម​ចុះ​នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដីសុខសាន្ដ​នឹង​គង់​ជាមួយអ្នករាល់គ្នា 10ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែល​អ្នករាល់គ្នា​បាន​គិតដល់ខ្ញុំជាថ្មីនៅ​ទី​បំផុតនេះ​ដ្បិត​អ្នករាល់គ្នា​ពិតជា​បាន​គិតដល់​ខ្ញុំ​មែនប៉ុន្ដែ​អ្នករាល់គ្នា​គ្មានឱកាស 11ខ្ញុំនិយាយ​បែបនេះ​មិន​មែន​មកពី​ខ្ញុំ​ខ្វះខាតទេដ្បិតខ្ញុំចេះស្កប់ចិត្តនៅគ្រប់​កាលៈ​ទេសៈ​ទាំងអស់ 12ខ្ញុំស្គាល់ភាពទ័លក្រ​ជា​យ៉ាងណា​ហើយភាពហូរហៀរ​ជា​យ៉ាងណា​គឺ​ខ្ញុំ​ចេះ​រស់​គ្រប់​កាលៈ​ទេសៈទាំងអស់មិនថា​ពេល​ឆ្អែត​ពេល​ឃ្លាន​ពេល​ហូរហៀរ​ឬ​ពេល​ខ្វះខាត​ទេ។ 13ខ្ញុំអាច​ធ្វើ​អ្វីៗ​បានទាំងអស់​ដោយសារ​ព្រះអង្គ​ដែលចម្រើនកម្លាំង​ដល់​ខ្ញុំ 14លើសពីនេះអ្នករាល់គ្នា​បានរួម​ចំណែក​ជាមួយ​ខ្ញុំ​យ៉ាងប្រសើរ​នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា 15ពួក​អ្នក​ក្រុង​ភីលីព​អើយ! ​អ្នករាល់គ្នា​ក៏​ដឹងដែរថាតាំងពី​ខ្ញុំ​ចាប់ផ្ដើមប្រកាសដំណឹងល្អនៅពេល​ដែល​ខ្ញុំ​បាន​ចាកចេញពី​ស្រុក​ម៉ាសេដូន​មក​នោះ​គ្មានក្រុម​ជំនុំ​ណារួម​ចំណែក​ជួយខ្ញុំខាងផ្នែកជំនួយឡើយក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ 16ហើយសូម្បីតែ​កាល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនីច​នោះ​អ្នករាល់គ្នា​ក៏​បាន​ផ្ញើម្ដងពីរដង​រួច​មក​ហើយ​ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ 17ខ្ញុំនិយាយ​នេះមិន​មែន​រកជំនួយទេគឺ​ខ្ញុំ​រកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ 18ដ្បិតខ្ញុំ​មាន​អ្វីៗ​គ្រប់បែបយ៉ាងទាំងហូរហៀរ​ទៀត​ផង។ ​ខ្ញុំ​បាន​ទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈ​លោក​អេប៉ាប្រូឌីត​គឺ​ជា​តង្វាយ​ដ៏​សែន​ក្រអូប​ជា​យញ្ញបូជា​ដែល​ព្រះជាម្ចាស់ទទួលយក​ទាំង​សព្វព្រះហឫទ័យ 19ព្រះជាម្ចាស់របស់​ខ្ញុំ​នឹង​បំពេញគ្រប់ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នករាល់គ្នាស្របតាមភាពបរិបូរ​របស់​ព្រះអង្គ​ប្រកបដោយ​សិរីរុងរឿង​ដែល​មាន​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 20សូមឲ្យ​ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា​របស់​យើង​បាន​ប្រកប​ដោយ​សិរីរុងរឿងរហូតអស់កល្បជានិច្ចអាម៉ែន 21សូមជម្រាបសួរ​ដល់​ពួកបរិសុទ្ធទាំងអស់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​រីឯ​បងប្អូនទាំងឡាយដែលនៅជាមួយខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ 22ពួកបរិសុទ្ធទាំងអស់ជាពិសេស​ពួក​អ្នកនៅក្នុងដំណាក់ស្ដេចក្រុងរ៉ូម​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ 23សូមឲ្យ​វិញ្ញាណ​របស់​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ
Copyright information for KhmKCB